ព្រះបាទពញាយ៉ាត
ព្រះបាទពញាយ៉ាត
រជ្ជកាល ១៤២១-១៤៦៣
រាជ្យមុន ព្រះបាទបរមសុខា
រាជ្យបន្ត ព្រះបាទនរាយណ៍រាជា
សាសនា ព្រះពុទ្ធសាសនា និងរាជធានីចតុមុខ
ព្រះអង្គ ជាបុត្ររបស់ ព្រះបាទស្រីសុរិយោវង្សទី១ (ព្រះមហាក្សត្រដែលបានរំដោះ ក្រុងអង្គរ ពីកណ្ដាប់ដៃសៀម លើកទី១ មកវិញ)។ ព្រះអង្គ បានសម្លាប់ស្តេចសៀម ពញាព្រែក និងរំដោះរាជធានីអង្គរ។ ព្រះអង្គ គង់នៅ រាជធានីអង្គរ រួចផ្លាស់ប្តូររាជធានីមកទួលបាសាន និងបន្តមកទៀត បានតាំងរាជធានីនៅចតុមុខ។
មូលហេតុនៃការចាកចោលរាជធានីអង្គរដោយសារកត្តាដូចជា៖
-កត្តាប្រជាជន៖ ក្នុងចម្បាំង សៀម បានសម្លាប់ និងកៀរប្រជាជនខ្មែរ នៅក្នុងតំបន់ អង្គរ ស្ទើរអស់រលីង។ ដូចនេះប្រជាជននៅតំបន់ អង្គរ ដែលសល់តិចតួចមិនអាចការពារ ក្រុងអង្គរ បានតទៅទៀត និងមានប្រជាជនខ្លះទៀតបានភៀសខ្លួនចេញពី រាជធានីអង្គរ។
-កត្តាសេដ្ឋកិច្ច៖ ដោយសារសង្គ្រាមផ្ទៃក្នុង និងសង្គ្រាម ជាមួយពួកសៀម បានបំផ្លិចបំផ្លាញ សង្គម សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ បារាយណ៍ ប្រឡាយ ផ្លូវថ្នល់ ទំនប់ ធារាសាស្រ្ត ខ្ទេចខ្ទីអស់ ដែលមិចអាចស្តារការខូចខាតបាន។
-កត្តាភូមិសាស្រ្ត៖ រាជធានីអង្គរ ស្ថិតនៅជិត ក្រុងអយុធ្យា ពេក មានចម្ងាយ ៤០០គីឡូម៉ែត្រ ពីគ្នាប៉ុណ្ណោះ។ ដូចនេះ សៀមអាចនឹងវាយលុក រាជធានីអង្គរ ម្តងទៀត។
-កត្តាឥទ្ធិពល(កម្លាំង)៖ ខ្មែរ ចុះខ្សោយទាំងកម្លាំងកាយ(ប្រជាជន) ទាំងកម្លាំងចិត្ត(ស្មារតី) បាត់បង់ជំនឿលើខ្លួនឯង។ រីឯ សៀម ពង្រីកទឹកដីទូលំទូលាយ ពង្រីកអំណាច និងបង្កើនកម្លាំង។
ព្រះបាទពញាយ៉ាតមានព្រះរាជបុត្របីព្រះអង្គ ជាមួយមហេសី និងស្រីស្នំដូចជា៖
-ព្រះបាទនរាយណ៍រាជា រាជបុត្ររបស់អ្នកម្នាងទេវី
-ព្រះបាទស្រីរាជា រាជបុត្ររបស់អ្នកម្នាងបទុមកេសរ
-ព្រះបាទធម្មរាជា រាជបត្ររបស់អ្នកម្នាងស៊ីសាងាម។
ឆ្នាំ១៤៦៣ ព្រះបាទពញាយ៉ាតបានដាក់រាជ្យឱ្យបុត្រច្បងគឺ ព្រះបាទនរាយណ៍រាជា។ នៅឆ្នាំ១៤៦៦ ព្រះបាទពញាយ៉ាតក៏បានសោយទីវង្គតដោយរោគាពាធនៅព្រះជន្ម ៧០ព្រះវស្សា។ នៅឆ្នាំ១៩៦៧ព្រះបាទនរាណ៍រាជា បានក៏សាងចេតីយថ្វាយ ព្រះបាទពញាយ៉ាត នៅលើ ភ្នំដូនពេញ ដែលជាចេតីយធំជាងគេ បន្ទាប់មកនៅឆ្នាំ១៩១៧ ព្រះបាទស៊ីសុវត្ថិ បានក៏សាងចេតីយនេះឱ្យធំជាងមុន។
ការរំដោះក្រុងអង្គរពីសៀម
នៅពេលដែលទ័ពសៀម បានចូលមកលុកលុយវាយបែកក្រុងអង្គរ ជាលើកទី៣ នៅឆ្នាំ១៤២០ នោះ ព្រះបាទពញាយ៉ាត បានរត់រួច ហើយភៀសព្រះអង្គទៅរៀបចំកេណ្ឌទ័ព និងបោះទីតាំងមូលដ្ឋានហាត់ហ្វឹកហ្វឺនទ័ពនៅទួលបាសាន ទីឋានដែលព្រះបិតាព្រះអង្គធ្លាប់បានប្រើប្រាស់ជាមូលដ្ឋានទ័ពពីលើកមុន។
ក្រោមការដឹកនាំរបស់ ព្រះបាទពញាយ៉ាត ទ័ពខ្មែរបានរីកចម្រើនយ៉ាងឆាប់រហ័សបំផុត គឺរយៈពេលតែប្រាំខែប៉ុណ្ណោះ ទ័ពខ្មែរអាចមានសមត្ថភាពវាយរំដោះយក ក្រុងអង្គរ មកវិញបាន។ ប៉ុន្តែមុននឹងទ័ពធំចូលវាយលុកក្រុងអង្គរលើកនេះ ព្រះអង្គបានប្រើឧបាយកលអោយអាមាត្យជំនិតពីរនាក់ ឈ្មោះ ពេជ្រ និងពៅ ដែលជាបងប្អូនបង្កើត ដឹកនាំទាហានស្ម័គ្រចិត្ត ១០នាក់ ទៅសារភាពសុំចុះចូលជាមួយស្ដេចសៀម ព្រះឥន្ទរាជា ឬពញាព្រែក ដែលសោយរាជ្យក្នុងក្រុងអង្គរ។ ហើយភ្លាមនោះ ដោយឃើញថាស្ដេចសៀម ភ្លេចខ្លួនហើយ បងប្អូនទាំងពីរនាក់ ក៏ដកកាំបិតស្នៀតដែលលាក់ក្នុងផ្នួងសក់ ស្ទុះទៅចាក់ ពញាព្រែក សុគតទៅ។ ពេលនោះ សភាពជ្រួលច្របល់ក្នុងមហានគរក៏ផ្ទុះឡើង។ ឯព្រះបាទពញាយ៉ាត ដែលទ្រង់បានត្រៀមទ័ពរួចជាស្រេច ទ្រង់ក៏វាយសម្រុកចូលក្រុងអង្គរ ដោយជោគជ័យ ហើយទីបំផុត ក៏បានរំដោះ រាជធានីអង្គរ អោយរួចផុតពីកណ្ដាប់ដៃសៀម មកវិញនៅឆ្នាំ១៤២១។
នៅទីបញ្ចប់នៃសង្គ្រាម ព្រះបាទពញាយ៉ាត បានឃើញស្រីម្នាក់កំពុងក្រាបយំប្របកោដិស្ដេចសៀម ពញាព្រែក ព្រះអង្គទ្រង់ក៏សួរនាំព័ត៌មានសព្វបែបយ៉ាង ហើយបានដឹងថា នាងឈ្មោះ ស៊ីសាងាម ជាបងប្អូនជីដូនមួយផង និងជាព្រះម្នាងរបស់ ពញាព្រែក ផង។ ព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យណាស់ ហើយទ្រង់លើកយកអ្នកម្នាង ស៊ីសាងាម ជាស្រីសៀម នោះ ទុកជាព្រះស្នំឯក។
ក្រោយពីបានទទួលជោគជ័យជាស្ថាពរហើយ សម្ដេចព្រះសុគន្ធារាជា គណៈរាជគ្រូ បុរោហិត រាជវង្សានុវង្ស អង្គអគ្គមហាសេនា សេនាបតីមន្ត្រីតូចធំ ខ្ញុំរាជការ ក៏យាងព្រះបាទពញាយ៉ាត អោយឡើងសោយរាជ្យ ដែលមានព្រះនាមក្នុងរាជ្យថា ព្រះបាទសម្ដេចព្រះរាជឱង្ការ ព្រះបរមយ៉ាតរាជាធិរាជ។ ហើយព្រះអង្គទ្រង់គ្រងរាជ្យដោយទសពិធរាជធម៌ ព្រះអង្គទ្រង់បានទំនុកបម្រុងព្រះពុទ្ធសាសនាយ៉ាងក្រៃលែង ហើយរាស្ត្រប្រជាគ្រប់គ្នាក៏ទទួលបានសុខសន្តិភាពជារៀងរហូតនៅក្នុងរាជ្យរបស់ព្រះអង្គ។
ចំពោះនយោបាយក្រៅប្រទេសវិញ ព្រះអង្គទ្រង់បានចងស្ពានមានមេត្រីជាមួយប្រទេសចិន ដោយបានបញ្ជូនរាជទូតទៅកាន់ប្រទេសចិន ថែមទៀតផង។
ការបោះបង់ចោលរាជធានីអង្គរ
នៅឆ្នាំ១៤៣៤ ដោយចេះតែរអែងខ្លាច សៀម ចូលមកលុកលុយប្រទេស ខ្មែរ ទៀត ព្រះបាទពញាយ៉ាត ក៏បានសម្រេចព្រះទ័យលើករាជធានីចេញឱ្យឆ្ងាយពីរាជធានីអង្គរ។ មូលហេតុនៃការបោះបង់រាជធានីអង្គរនេះ គឺមកពីប្រជារាស្រ្ត ខ្មែរ នៅអាណាចក្រខាងលិចត្រូវ សៀម កៀរយកទៅអស់ជាច្រើន ហើយមួយផ្នែកទៀតត្រូវស្លាប់ដោយសារសង្គ្រាមជាច្រើនលើកច្រើនគ្រាជាមួយសៀម ទៀត ដែលនៅពេលនោះស្ថិតនៅតែ ៤០០គីឡូមែត្រ ពីក្រុងអយុធ្យា ប៉ុណ្ណោះ។ ក្រោយពីបានប្រឹក្សាយោបល់ជាមួយនាម៉ឺនសព្វមុខមន្ត្រីហើយ ព្រះអង្គទ្រង់ក៏បានបញ្ជាឱ្យលើករាជធានីទៅតាំងនៅទួលបាសាន ក្នុងខេត្តស្រីសឈរវិញ តែដោយសារមានទឹកជំនន់ធំខុសធម្មតា ព្រះអង្គក៏បានបញ្ជាឱ្យលើករាជធានីទៅតាំងនៅភ្នំដូនពេញ ឬចតុមុខវិញ។
ឯកសារយោង
-សៀវភៅសិក្សាសង្គមថ្នាក់ទី១០ ឆ្នាំ២០១៧ របស់ក្រសួងអប់រំ យុវជននិងកីឡា ទំព័រទី១៦៨ -១៧១
-សៀវភៅប្រវត្តិសាស្រ្តខ្មែរ ត្រឹង ងា ឆ្នាំ១៩៧៣ ភាគ២ ទំព័រទី៨
-សៀវភៅប្រវត្តិវិទ្យា ថ្នាក់ទី១១ ឆ្នាំ២០១៧ ទំព័រទី១២៥
-សៀវភៅប្រវត្តិសាស្រ្តខ្មែរ ត្រឹង ងា ឆ្នាំ១៩៧៣ ភាគ១ ទំព័រទី១៨៣ និង១៨៤
(ប្រភព: វីគីភីឌៀ)
DENTX ACADEMY, the institution with a unique curriculum and fusion of the best practices in Dental and Medical Sciences in association with LINCOLN UNIVERSITY (Malaysia). It is our everlasting passion that has driven us towards training our students with unsurpassed skills in Clinical, Academic and Research domains.
ReplyDeleteWe believe that our ultimate success would be to see our students become strong confident successful professionals who not only treat their patients with perfection but also have an endless passion and dedication towards the profession.
free webinars for doctors