Showing posts with label ប្រវត្តិសាស្រ្តខ្មែរ. Show all posts
Showing posts with label ប្រវត្តិសាស្រ្តខ្មែរ. Show all posts

Monday, August 24, 2020

ព្រះបាទពញាយ៉ាត

ព្រះបាទពញាយ៉ាត

ព្រះបាទពញាយ៉ាត
រជ្ជកាល​               ១៤២១-១៤៦៣​
រាជ្យមុន​               ព្រះបាទបរមសុខា
រាជ្យបន្ត​               ព្រះបាទនរាយណ៍រាជា
សាសនា​              ព្រះពុទ្ធសាសនា និងរាជធានីចតុមុខ

ព្រះអង្គ​ ជាបុត្ររបស់​ ព្រះបាទស្រីសុរិយោវង្សទី១ (ព្រះមហាក្សត្រ​ដែល​បាន​រំដោះ​ ក្រុង​អង្គរ​ ពី​កណ្ដាប់​ដៃ​សៀម លើក​ទី​១​ មក​វិញ)។ ព្រះអង្គ​ បានសម្លាប់ស្តេចសៀម​ ពញាព្រែក និងរំដោះរាជធានីអង្គរ។ ព្រះអង្គ​ គង់នៅ​ រាជធានីអង្គរ​ រួចផ្លាស់ប្តូររាជធានីមកទួលបាសាន និងបន្តមកទៀត​ បានតាំងរាជធានីនៅចតុមុខ។

មូលហេតុនៃការចាកចោលរាជធានីអង្គរដោយសារកត្តាដូចជា៖
-កត្តាប្រជាជន៖ ក្នុងចម្បាំង​ សៀម​ បានសម្លាប់ និងកៀរប្រជាជន​ខ្មែរ​ នៅក្នុងតំបន់​ អង្គរ​ ស្ទើរអស់រលីង។ ដូចនេះប្រជាជននៅតំបន់​ អង្គរ ដែលសល់តិចតួចមិនអាចការពារ​ ក្រុងអង្គរ​ បានតទៅទៀត និងមានប្រជាជនខ្លះទៀតបានភៀសខ្លួនចេញពី​ រាជធានីអង្គរ។
-កត្តាសេដ្ឋកិច្ច៖ ដោយសារសង្គ្រាមផ្ទៃក្នុង និងសង្គ្រាម​ ជាមួយពួកសៀម​ បានបំផ្លិចបំផ្លាញ​ សង្គម សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ បារាយណ៍ ប្រឡាយ ផ្លូវថ្នល់ ទំនប់ ធារាសាស្រ្ត​ ខ្ទេចខ្ទីអស់ ដែលមិចអាចស្តារការខូចខាតបាន។
-កត្តាភូមិសាស្រ្ត៖ រាជធានីអង្គរ​ ស្ថិតនៅជិត​ ក្រុងអយុធ្យា​ ពេក​ មានចម្ងាយ ៤០០គីឡូម៉ែត្រ​ ពីគ្នាប៉ុណ្ណោះ។ ដូចនេះ​ សៀមអាចនឹងវាយលុក​ រាជធានីអង្គរ​ ម្តងទៀត។
-កត្តាឥទ្ធិពល(កម្លាំង)៖ ខ្មែរ​ ចុះខ្សោយទាំងកម្លាំងកាយ(ប្រជាជន) ទាំងកម្លាំងចិត្ត(ស្មារតី) បាត់បង់ជំនឿលើខ្លួនឯង។ រីឯ​ សៀម​ ពង្រីកទឹកដីទូលំទូលាយ ពង្រីកអំណាច និងបង្កើនកម្លាំង។

ព្រះបាទពញាយ៉ាតមានព្រះរាជបុត្របីព្រះអង្គ ជាមួយមហេសី​ និងស្រីស្នំដូចជា៖
-ព្រះបាទនរាយណ៍រាជា រាជបុត្ររបស់អ្នកម្នាងទេវី
-ព្រះបាទស្រីរាជា រាជបុត្ររបស់អ្នកម្នាងបទុមកេសរ
-ព្រះបាទធម្មរាជា រាជបត្ររបស់អ្នកម្នាងស៊ីសាងាម។

ឆ្នាំ១៤៦៣ ព្រះបាទពញាយ៉ាតបានដាក់រាជ្យឱ្យបុត្រច្បងគឺ​ ព្រះបាទនរាយណ៍រាជា។ នៅឆ្នាំ១៤៦៦ ព្រះបាទពញាយ៉ាតក៏បានសោយទីវង្គតដោយរោគាពាធនៅព្រះជន្ម ៧០ព្រះវស្សា។ នៅឆ្នាំ១៩៦៧​ព្រះបាទនរាណ៍រាជា​ បានក៏សាងចេតីយថ្វាយ​ ព្រះបាទពញាយ៉ាត​ នៅលើ​ ភ្នំដូនពេញ​ ដែលជាចេតីយធំជាងគេ បន្ទាប់មកនៅឆ្នាំ១៩១៧ ព្រះបាទស៊ីសុវត្ថិ​ បានក៏សាងចេតីយនេះឱ្យធំជាងមុន។

ការ​រំដោះ​ក្រុង​អង្គរ​ពី​សៀម​
នៅ​ពេល​ដែល​ទ័ព​សៀម បាន​ចូល​មក​លុក​លុយ​វាយ​បែក​ក្រុង​អង្គរ ជា​លើក​ទី​៣ នៅ​ឆ្នាំ​១៤២០ នោះ ព្រះបាទពញាយ៉ាត បាន​រត់​រួច ហើយ​ភៀស​ព្រះអង្គ​ទៅ​រៀបចំ​កេណ្ឌ​ទ័ព និង​បោះ​ទីតាំង​មូលដ្ឋាន​ហាត់​ហ្វឹកហ្វឺន​ទ័ព​នៅ​ទួល​បាសាន ទីឋាន​ដែល​ព្រះបិតា​ព្រះអង្គ​ធ្លាប់​បាន​ប្រើប្រាស់​ជា​មូលដ្ឋាន​ទ័ព​ពី​លើក​មុន។

ក្រោម​ការ​ដឹក​នាំ​របស់ ព្រះ​បាទពញាយ៉ាត ទ័ព​ខ្មែរ​បាន​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​បំផុត គឺ​រយៈពេល​តែ​ប្រាំ​ខែ​ប៉ុណ្ណោះ ទ័ព​ខ្មែរ​អាច​មាន​សមត្ថភាព​វាយ​រំដោះ​យក​ ក្រុង​អង្គរ​ ​មក​វិញ​បាន។ ប៉ុន្តែ​មុន​នឹង​ទ័ព​ធំ​ចូល​វាយ​លុក​ក្រុង​អង្គរ​លើក​នេះ ព្រះអង្គ​បាន​ប្រើ​ឧបាយកល​អោយ​អាមាត្យ​ជំនិត​ពីរ​នាក់ ឈ្មោះ ពេជ្រ និង​ពៅ ដែល​ជា​បង​ប្អូន​បង្កើត ដឹក​នាំ​ទាហាន​ស្ម័គ្រ​ចិត្ត ១០​នាក់ ទៅ​សារភាព​សុំ​ចុះ​ចូល​ជាមួយ​ស្ដេច​សៀម ព្រះឥន្ទរាជា​ ឬពញាព្រែក ដែល​សោយរាជ្យ​ក្នុង​ក្រុង​អង្គរ។ ហើយ​ភ្លាម​នោះ ដោយ​ឃើញ​ថា​ស្ដេច​សៀម ភ្លេច​ខ្លួន​ហើយ បង​ប្អូន​ទាំង​ពីរ​នាក់ ក៏​ដក​កាំបិត​ស្នៀត​ដែល​លាក់​ក្នុង​ផ្នួង​សក់ ស្ទុះ​ទៅ​ចាក់ ពញា​ព្រែក​ សុគតទៅ។ ពេល​នោះ សភាព​ជ្រួល​ច្របល់​ក្នុង​មហា​នគរ​ក៏​ផ្ទុះ​ឡើង។ ឯ​ព្រះបាទពញាយ៉ាត​ ដែល​ទ្រង់​បាន​ត្រៀម​ទ័ព​រួច​ជា​ស្រេច ទ្រង់​ក៏វាយ​សម្រុក​ចូល​ក្រុង​អង្គរ ដោយ​ជោគជ័យ ហើយ​ទីបំផុត ក៏​បាន​រំដោះ​ រាជធានី​អង្គរ​ ​អោយ​រួច​ផុត​ពី​កណ្ដាប់​ដៃ​សៀម មក​វិញ​នៅ​ឆ្នាំ​១៤២១។

នៅ​ទី​បញ្ចប់​នៃ​សង្គ្រាម ព្រះបាទ​ពញាយ៉ាត បាន​ឃើញ​ស្រី​ម្នាក់​កំពុង​ក្រាប​យំ​ប្រប​កោដិ​ស្ដេច​សៀម ពញា​ព្រែក​ ព្រះអង្គ​ទ្រង់​ក៏​សួរ​នាំ​ព័ត៌មាន​សព្វ​បែប​យ៉ាង ហើយ​បាន​ដឹង​ថា នាង​ឈ្មោះ ស៊ីសាងាម ជា​បង​ប្អូន​ជីដូនមួយ​ផង និង​ជា​ព្រះ​ម្នាង​របស់​ ពញា​ព្រែក​ ផង។ ព្រះអង្គ​ទ្រង់​សព្វ​ព្រះរាជ​ហឫទ័យ​ណាស់ ហើយ​ទ្រង់​លើក​យក​អ្នក​ម្នាង ស៊ីសាងាម ជា​ស្រី​សៀម នោះ​ ទុក​ជា​ព្រះ​ស្នំ​ឯក។

ក្រោយ​ពី​បាន​ទទួល​ជោគជ័យ​ជា​ស្ថាពរ​ហើយ សម្ដេច​ព្រះ​សុគន្ធា​រាជា គណៈ​រាជគ្រូ បុរោហិត រាជវង្សានុវង្ស អង្គ​អគ្គមហាសេនា សេនាបតី​មន្ត្រី​តូច​ធំ ខ្ញុំ​រាជការ ក៏​យាង​ព្រះបាទ​ពញាយ៉ាត អោយ​ឡើង​សោយរាជ្យ ដែល​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​សម្ដេច​ព្រះ​រាជឱង្ការ ព្រះ​បរម​យ៉ាត​រាជាធិរាជ។ ហើយ​ព្រះអង្គ​ទ្រង់​គ្រងរាជ្យ​ដោយ​ទសពិធរាជធម៌ ព្រះអង្គ​ទ្រង់​បាន​ទំនុក​បម្រុង​ព្រះពុទ្ធ​សាសនា​យ៉ាង​ក្រៃលែង ហើយ​រាស្ត្រ​ប្រជា​គ្រប់​គ្នា​ក៏​ទទួល​បាន​សុខ​សន្តិភាព​ជា​រៀង​រហូត​នៅ​ក្នុង​រាជ្យ​របស់​ព្រះអង្គ។

ចំពោះ​នយោបាយ​ក្រៅ​ប្រទេស​វិញ ព្រះអង្គ​ទ្រង់​បាន​ចង​ស្ពាន​មាន​មេត្រី​ជាមួយ​ប្រទេស​ចិន ដោយ​បាន​បញ្ជូន​រាជទូត​ទៅ​កាន់​ប្រទេស​ចិន ថែម​ទៀត​ផង។

ការបោះបង់ចោលរាជធានីអង្គរ
នៅឆ្នាំ១៤៣៤ ដោយចេះតែរអែងខ្លាច​ សៀម​ ចូលមកលុកលុយប្រទេស​ ខ្មែរ​ ទៀត ព្រះបាទពញាយ៉ាត​ ក៏បានសម្រេចព្រះទ័យលើករាជធានីចេញឱ្យឆ្ងាយពីរាជធានីអង្គរ។ មូលហេតុនៃការបោះបង់រាជធានីអង្គរនេះ​ គឺមកពីប្រជារាស្រ្ត​ ខ្មែរ​ នៅអាណាចក្រខាងលិចត្រូវ​ សៀម​ កៀរយកទៅអស់ជាច្រើន ហើយមួយផ្នែកទៀតត្រូវស្លាប់ដោយសារសង្គ្រាមជាច្រើនលើកច្រើនគ្រាជាមួយសៀម​ ទៀត ដែលនៅពេលនោះស្ថិតនៅតែ ៤០០គីឡូមែត្រ​ ពីក្រុងអយុធ្យា​ ប៉ុណ្ណោះ។ ក្រោយពីបានប្រឹក្សាយោបល់ជាមួយនាម៉ឺនសព្វមុខមន្ត្រីហើយ ព្រះអង្គទ្រង់ក៏បានបញ្ជាឱ្យលើករាជធានីទៅតាំងនៅទួលបាសាន ក្នុងខេត្តស្រីសឈរវិញ តែដោយសារមានទឹកជំនន់ធំខុសធម្មតា ព្រះអង្គក៏បានបញ្ជាឱ្យលើករាជធានីទៅតាំងនៅភ្នំដូនពេញ ឬចតុមុខវិញ។

ឯកសារយោង
-សៀវភៅសិក្សាសង្គមថ្នាក់ទី១០ ឆ្នាំ២០១៧ របស់ក្រសួងអប់រំ យុវជននិងកីឡា ទំព័រទី១៦៨ -១៧១
-សៀវភៅប្រវត្តិសាស្រ្តខ្មែរ ត្រឹង ងា ឆ្នាំ១៩៧៣ ភាគ២ ទំព័រទី៨
-សៀវភៅប្រវត្តិវិទ្យា ថ្នាក់ទី១១ ឆ្នាំ២០១៧ ទំព័រទី១២៥
-សៀវភៅប្រវត្តិសាស្រ្តខ្មែរ ត្រឹង ងា ឆ្នាំ១៩៧៣ ភាគ១ ទំព័រទី១៨៣ និង១៨៤

(ប្រភព​: វីគីភីឌៀ)